សាកលវិទ្យាល័យការពារជាតិ

អំពីសាកលវិទ្យាល័យការពារជាតិ

អំពីធនធានបរិមាណ​គុណភាពលទ្ធភាពរបស់​សាកលវិទ្យាល័យ ដើម្បីធានា​បាន​នូវ​ការ​ដឹកនាំ​បញ្ជា​ គ្រប់គ្រង បង្ហាត់បង្រៀន​ និង​រៀនសូត្របច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន​នាយទាហានចាប់ពី​សាកលវិទ្យាធិការ​ដល់​លំដាប់​ថ្នាក់​ក្រោម មានកម្រិតវប្បធម៌​ និង​ចំណេះដឹង​ពី​ឧត្ដមសិក្សា​ដល់​បណ្ឌិត​ចំនួន​៣៩% និងមធ្យម​សិក្សា​ទុតិយភូមិ​ចំនួន៦១% នៃបរិមាណក្រប​ខ័ណ្ឌ​រួម​របស់​អង្គភាព​ផ្ទៃក្នុង។

ផ្អែក​តាម​តម្រូវការ​ចំពោះ​មុខ​ កង​យោធពលខេមរភូមិន្ទ​ ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​ ធនធានមនុស្ស​របស់​ខ្លួន​លើ​គ្រប់​កម្រិត​ និង​គ្រប់​ជំនាញ​ទាំង​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សង្គម​ និង​វិទ្យាសាស្ត្រ​យោធា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​និង​ការពារ​ជាតិ​ ។​ ជា​ពិសេស​គឺ​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ វិស័យ​នៅ​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​ពិភពលោក​ទាំងមូល​ដើម្បី​ឆ្ពោះទៅ​រក​ការ​ថែរក្សា​បាន​នូវ​សន្តិភាព​ សុវត្ថិភាព​សង្គម​ និង​សន្តិសុខ​ពេញលេញ​។​


សាកលវិទ្យាល័យ​ការពារ​ជាតិ​ គឺជា​ស្ថាប័ន​មួយ​នៅ​ចំណុះ​ផ្ទាល់​របស់​ក្រសួង​ការពារ​ ជាតិ​ មាន​បេសកកម្ម​ និង​ភារកិច្ច​បណ្តុះបណ្តាល​នាយទាហានរង​ នាយទាហាន​ និង ​នាយ​ទាហាន​ជាន់ខ្ពស់​ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ លើ​វិស័យ​ការពារ​ជាតិ​ ទៅ​តាម​តម្រូវការ​ របស់​ប្រទេស​ជាតិ​។

​សាកលវិទ្យាល័យ​ការពារ​ជាតិ​ មាន​ប្រាំ​មហាវិទ្យាល័យ និង​មួយមជ្ឈមណ្ឌល​​ចំណុះ​ ក្នុង​នោះ​មាន​មហាវិទ្យាល័យ​ការពារ​ជាតិ​ មហាវិទ្យាល័យ​បញ្ជាការ​-​សេនាធិការ​ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​ភាសា​ មហាវិទ្យាល័យ​អប់រំ​ចិត្តសាស្ត្រ​-​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​ និង​មហា​វិទ្យា​ល័យ​ព័ត៌មានវិទ្យា​-​ភស្តុ​ភារ​ហិរញ្ញវត្ថុ​ និងមជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​ឯកសារ​ និងបណ្ណាល័យ ព្រមទាំងការិយាល័យ​ចំណុះ​។​ សាកលវិទ្យាល័យ​ការពារ​ជាតិ​ បាន​រៀបចំ​ឲ្យ​មាន​អង្គការ​ចាត់​តាំង​ទៅ​តាម​ឋានានុក្រម​ តួនាទី​ ភារកិច្ច​របស់​ខ្លួន​ជា​ពិសេស​បាន​បង្កើត​ឲ្យ​មាន​វិន័យ​ និង​បទបញ្ជា​ច្បាស់លាស់​ធានា​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​បញ្ជា​ និង​សម្រប​ សម្រួល​ដល់​ការ​បណ្តុះបណ្តាល​ឲ្យ​ដល់​និស្សិត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​តាម​មហាវិទ្យាល័យ​នីមួយៗ​ចំណុះ​សាកលវិទ្យាល័យ​ការពារ​ជាតិ។​ សាកលវិទ្យាល័យ​ការពារ​ជាតិ​មាន​ទីតាំង​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​ កែវ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ ភ្នំពេញ​។​