សាកលវិទ្យាល័យការពារជាតិ

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១១ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សាកលវិទ្យាល័យការពារជាតិ

មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៏

ឯកសារ​ និង បណ្ណាល័យ

 

ពត៌មានជាតិ​ និងអន្តរជាតិ

ពីថ្ងៃទី​១១ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤

 

 

ប្រមូល​ និងរៀបចំដោយៈ​ វរសេនីយ៍ត្រី​ សេង​ តារាវុឌ្ឍ     

 

 

1. ពត៌មានជាតិ

·      ពត៌មានជាតិទី១: កងពលតូច​អន្តរាគមន៍លេខ៨ ប្រកាសតែងតាំងថ្នាក់ដឹកនាំថ្មី

Saturday, 16 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ខេត្តព្រះវិហារៈ កងពលតូចអន្តរាគមន៍លេខ៨ ប្រកាសតែងតាំងថ្នាក់ដឹកនាំថ្មី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការស្តីទី និងជានាយសេនាធិការចម្រុះ។

តាមសចក្តីប្រកាស របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរនាយទាហាន នៃកងពលតូចលេខ៨មួយចំនួន ក្នុងនោះ មាន៖១- លោកឧត្តមសេនីយ៍ត្រី លី ស៊ុន សមាជិកក្រុមការងារ ស្រាវជ្រាវជំនាញយោធា អគ្គបញ្ជាការដ្ឋាន ជាមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ជំនួសលោកឧត្តមសេនីយ៍ទោ យឹម ពឹម ដែលបានទទួលមរណភាព។ ២-លោកឧត្តម សេនីយ៍ត្រី ប៊ុនធាន មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ ឥឡូវត្រូវបានផ្លាស់ប្តូរភារកិច្ច ជាមេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣។ ៣-លោកវរសនីយ៍ឯក នូ សារ៉ាត់ មេបញ្ជាការរង និងជាមេបញ្ជាការវរសេនា តូចលេខ៣៨១ ឥឡូវជាមេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍ លេខ៨។ ៤-លោកវរសេនីយ៍ឯក ច័ន្ទ សុខុន មេបញ្ជាការវរសេនាតូច លេខ៣៨២ ឥឡូវជាមេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨។

មានប្រសាសន៍នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានវាយតម្លៃខ្ពស់ ចំពោះនាយទាហាន ដែលទើប ទទួលបានមុខតំណែងថ្មី ដោយរយៈកាលកន្លងមកនេះ បានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

ឆ្លុះបញ្ចាំងពីសកម្មភាពនេះ ទើបពេលនេះក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សម្រេច ប្រគល់តួនាទីជូនសមស្រប តាមស្នាដៃ និងពេលវេលាជាក់ស្តែង។ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើដល់ សមាសភាពថ្នាក់ដឹកនាំថ្មី នៃកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបន្តនូវប្រពៃណីសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះត្រូវ ខិតខំរៀនសូត្របន្ថែម ដើម្បីបង្កើនសមត្ថភាពការពារបូរណភាពទឹកដី ពិសេសយល់ច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួន សំដៅ រួមចំណែកដល់ផែនការ កំណែទម្រង់កងយោធពល ខេមរភូមិន្ទរយៈពេល៥ឆ្នាំផងដែរ ៕

 

·     ពត៌មានជាតិទី២: សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់រថយន្តសង្គ្រោះ១គ្រឿង
ដល់អង្គភាពត្រែទ័ព

Friday, 15 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ភ្នំពេញ ៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នេះ បាននាំរថយន្តសង្គ្រោះបន្ទាន់ មួយគ្រឿងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអង្គភាពកិត្តិយសត្រែទ័ព ។

លោក ម៉ឹង ពន្លក ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ បានថ្លែងឲ្យដឹងថា ដោយសារតែលោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានធុរៈ ទើបថ្ងៃនេះ បានចាត់ឲ្យលោកមកជំនួស ដើម្បីធ្វើការប្រគល់រថយន្តសង្គ្រោះបន្ទាន់នេះ ដល់អង្គភាពកិត្តិយសត្រែទ័ព សម្រាប់យកទៅប្រើប្រាស់ តាមការចាំបាច់។

មេបញ្ជាការអង្គភាពកិត្តិយសត្រែទ័ព បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់នេះ ពិតជាមានសារសំខាន់ណាស់ មិនត្រឹមតែប្រើប្រាស់ សម្រាប់អង្គភាពនោះទេ រថយន្តអាចយកទៅបម្រើប្រយោជន៍សង្គមផង ដូចជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះថ្នាក់ចរាចរ និងហេតុការណ៍ផ្សេង។

ជាមួយនោះដែរ លោក ម៉ឹង ពន្លក ក៏បានថ្លែងសុំឲ្យអង្គភាពកិត្តិយសត្រែទ័ព នៅពេលទទួល រថយន្តនេះហើយ សូមជួយថែរក្សាឲ្យ បានល្អផង ដើម្បីប្រើប្រាស់ បានយូរអង្វែងតទៅថ្ងៃមុខ៕

 

·      ពត៌មានជាតិទី៣: នាយឧត្តមសេនីយ៏ គន់ គីម អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺន នាយទាហានបន្តវេនជំនាន់ទី៧

Wednesday, 13 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

កំពង់ស្ពឺៈ នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការស្តីទី និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានបន្តវេនជំនាន់ទី៧ ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថាន កងទ័ពជើងគោក ស្ថិតក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមាននាយទាហាន ជាថ្នាក់ដឹកនាំស្ថាប័ន ចំណុះជាច្រើនរូបចូលរួម ។

នៅក្នុងឱកាសនោះ បន្ទាប់ពីនាយកវិទ្យាស្ថាន បានធ្វើសេចក្តីរាយការណ៏ ពីដំណើរការហ្វឹកហ្វឺនរួចមក នាយឧត្តមសេនីយ៏ គន់ គីម ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហការយកចិត្តទុកដាក់របស់ទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំយុវជននិងកីឡា វិទ្យាស្ថាន កងទ័ពជើងគោក ជាពិសេសទីប្រឹក្សាយោធាចិន ដែលបានរៀបចំកម្មវិធីសិក្សា ធ្វើឲ្យវគ្គហ្វឹក ហ្វឺននេះ ប្រព្រឹត្តិទៅតាមផែនការកំណត់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកនាយឧត្តមសេនីយ៏ គន់ គីម បានចាត់ទុកវគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ដែលទើបបានបញ្ចប់នាពេលនេះ គឺជាការចូលរួម ចំណែក យ៉ាងសំខាន់ក្នុងការកសាងសម្ថភាព អភិវឌ្ឍន៏ធនធានមនុស្ស និងកសាងមូលធន បញ្ញាកងយោធពលខេមរភូមិន្ទ និងធានានូវចីរភាពនៃការអភិវឌ្ឍន៏របស់សង្គមជាតិ។ នាយឧត្តមសេនីយ៏ គន់ គីម បានផ្តាំផ្ញើដល់កម្មសិក្សាទាំងអស់ ត្រូវមានឆន្ទះស្មោះត្រង់ចំពោះជាតិ លើកកម្ពស់មនសិកា ស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវលក្ខ័ន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងកាតរពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ឲ្យ៕

 

·      ព៌តមានជាតិទី៤: ឯកឧត្តម​ ទៀ បាញ់​ជួប​ឯកអគ្គរាជ​ទូត​ថៃ​ចប់​អាណត្តិ​

Wednesday, 13 August 2014 ដកស្រង់ពីគេហទំព័រក្រសួង​ការពារជាតិ http://www.mod.gov.kh

 

 

កាល​ពី​រសៀល​ថ្ងៃ​ទី១១​ ខែ​សីហា ​ឯ.ឧ ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​អនុញ្ញាតិ​អោយ ​ឯ.ឧ​ ទូ ចាយុត ​ប៉ាឌី​(Toochayoot PAKDI)ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ជម្រាប​លា ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវ​បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា​។​

នៅ​ក្នុងជំនួប​សន្ទនានឱកាសនោះឯ.ឧ ទូ ចាយុត ប៉ាឌី ឯកអគ្គរាជទូតថៃចប់អាណត្តិ បានជម្រាបជូនដល់ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ ថា៖ ក្នុង​កំឡុង​ពេល​២ឆ្នាំ​ដែល​ឯកឧត្តម បាន​មក​បំពេញ​បេសកកម្មការ​ទូត​នៅ​កម្ពុជា ឯកឧត្តម​បាន​​សង្កេត​ឃើញនូវ​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដ៏ល្អ រវាងប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេស​ទំនាក់​ទំនង​ដ៏​ល្អ រវាងកងទ័ពទាំង២ ក្រសួងការពារជាតិ​ប្រទេសទាំង២ កម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ អ្វីដែលជា​ការ​បង្ហាញ​កាន់​តែច្បាស់​ទៀតនោះ គឺ​តំណើរ​ទស្សនកិច្ចរវាង ឯ.ឧ ទៀ បាញ់ ទៅ​​កាន់​​ប្រទេស​ថៃ កាលពីថ្ងៃ​ទី២៨-២៩ ខែកក្កដា​ កន្លង​ទៅ​​នេះ​ វាបានឆ្លុះបញ្ចាំងអោយ​ឃើញ​នូវការបង្កើនទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំង២ កម្ពុជា-ថៃ។ ឯកឧត្តម​ក៏​បានថ្លែង​​អំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការ ជួយ​សំរប​​សំរួល​រាល់​កិច្ចការ​​ទាំង​ឡាយ ដល់​​សេនានុព័ន្ធ​ថៃ​ប្រចាំ​នៅ​កម្ពុជា ​អោយ​បំពេញ​​ការងារ​របស់​ខ្លួន ​ប្រព្រឹត្តិ​ទៅ​​ទទួល​​បាន​​ជោគ​​ជ័យ​​នៅ​​កម្ពុជា។​

មានមតិឆ្លើយតបវិញឯ.ឧ ទៀ បាញ់ បានវាយតំលៃខ្ពស់ បេសកកម្មកាទូតរបស់ ឯ.ឧ ទូ ចាយុត ប៉ាឌី នៅ​កម្ពុជា ដែល​បានបំពេញការងារ នាំមកនូវទំនាក់ទំនងយ៉ាងល្អប្រសើរ រវាងប្រទេសទាំង២កម្ពុជា-ថៃ។ ឯកឧត្តមបាន​បញ្ជាក់​ថា៖​ មក​ទល់​ពេលនេះប្រទេសយើងទាំង២ បានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយការ​យោគ​យល់​គ្នា​ទៅវិញទៅ​មក​ ជា​ពិសេស​ក្រោយពីតំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រសួងការពារជាតិកម្ពុជា ទៅ​កាន់ប្រទេសថៃនា​ពេល​ថ្មីៗ​នេះ បាន​នាំ​មក​នូវផលប្រយោជន៍យ៉ាងច្រើន ដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំង២ អោយកាន់តែមាន​ការរីក​ចំរើន ៕

 

2. ពត៌មានអន្តរជាតិ

·     ព៌តមានអន្តរជាតិទី១: អឺរ៉ុប ប្រឆំាងការចរាចរណ៍អាវុធ ទៅតំបន់ហ្គាសា

Saturday, 16 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

 

 

ព្រុចសែល ៖ យោងតាមសេចក្តីថ្លែងការណ៍ ចេញកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចថ្នាក់រដ្ឋមន្រ្តី ការបរទេស របស់សហគមន៍អឺរ៉ុប បានឲ្យដឹងថា សហគមន៍អឺរ៉ុប(EU) បានរៀបចំបង្កើតកិច្ចសម្របសម្រួលមួយ ដើម្បីការពារ នូវការចរាចរណ៍អាវុធ និងសម្ភារៈសឹកខុសច្បាប់ ចូលទៅតំបន់ហ្គាសា ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាម សេចក្តីថ្លែងការណ៍នោះថា EU នឹងសិក្សាអំពីតួនាទី សម្រាប់យន្តការត្រួតពិនិត្យរបស់អន្តរជាតិ ដើម្បី ភ្ជាប់ទៅដំណើរការ ដែលពេញលេញ តាមរយៈច្រកចូល របស់កំពង់ផែនៅតំបន់ហ្គាសា ។

បណ្តារដ្ឋមន្រ្តី ការបរទេសអឺរ៉ុប បានសម្តែង នូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពផុយស្រួយ ក្រោយកើតឡើង នូវជម្លោះថ្មីនៅតំបន់ហ្គាសាស្ទ្រីព ។ ពួកគេបានទទួលការស្វាគមន៍យ៉ាងខ្លាំង អំពីបទ ឈប់បាញ់គ្នា ដែលបានបង្កើតឡើងថ្មីៗនេះ ហើយបានអំពាវនាវ ឲ្យភាគីទាំងអស់ ត្រូវព្រមព្រៀងគ្នា ដើម្បីឲ្យមានបទឈប់បាញ់គ្នាយូរអង្វែង ។

ប្រតិភូប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅទីក្រុងគែរ បានយល់ព្រមឲ្យមានបទឈប់បាញ់គ្នា រយៈពេលប្រាំ ថ្ងៃបន្ថែមទៀត ចាប់ផ្តើមកាលពីយប់ថ្ងៃពុធ ។ វាជាលើកទីបី សម្រាប់ប្រទេសអេហ្ស៊ីប បន្ទាប់ពីការ ជជែកពិភាក្សា ដោយប្រយោលកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងគែរ ដើម្បីសម្របសម្រួល ឲ្យមានបទ ឈប់បាញ់គ្នា រវាងក្រុមប្រដាប់អាវុធចលនាប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីការវាយ លុករបស់អ៊ីស្រាអែល លើតំបន់ហ្គាសា ចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែកក្កដា ។

សហភាពអឺរ៉ុប បានសរសើរកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាដ៏ខ្លំាងក្លា របស់អេហ្ស៊ីប ចំពោះការសម្រប សម្រួលនេះ និងកិច្ចព្រមព្រៀងកាលពីមុនៗ ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់សហគមន៍ អឺរ៉ុប ៕

 

·      ព៌តមានអន្តរជាតិទី: រដ្ឋមន្រ្តីការពារជាតិ អាម៉េរិក និងរុស្ស៊ី ពិភាក្សាគ្នាជុំវិញស្ថានភាព
នៅអ៊ុយក្រែន

Saturday, 16 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ អាម៉េរិកលោក ហាហ្គែល កាលពីថ្ងៃសុក្រ បាន ពិភាក្សាជាមួយនឹងភាគីរុស្ស៊ីលោក ស៊ឺហ្គៃ តាមទូរស័ព្ទអំពីស្ថានភាព ដែលកំពុងកើតឡើងនៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាម លេខាធិការកងទ័ពជើងទឹកលោក ចន គ័រប៊ី បានឲ្យដឹងថា ខណៈពេលដែលការពិភាក្សា អំពីស្ថានភាព អ៊ុយក្រែន លោក ហាហ្គែល បានគូសបញ្ជាក់ពីការស្នើសុំការបំភ្លឺទាក់ទង ជាមួយនឹងក្បួនជំនួយ មនុស្សធម៌រុស្ស៊ី ដែលកំពុងដឹកជញ្ជូន ការផ្គត់ផ្គង់ជំនួយសង្គ្រោះ មនុស្សធម៌ ទៅកាន់ភាគខាង កើតអ៊ុយក្រែន។

មន្ត្រីរុស្ស៊ី បានថ្លែងឲ្យដឹងថា "លោក បានធានាអះអាងថា វាមិនមានកងកម្លាំងរុស្ស៊ី ពាក់ព័ន្ធ នឹង ការចូលរួមនៅក្នុងក្បួន ជំនួយមនុស្សធម៌នេះទេ ហើយក៏មិនមែន គឺជាក្បួនដែលនឹងត្រូវ បាន ប្រើជាលេស ដើម្បីបន្ថែមអន្តរាគមន៍ នៅក្នុងអ៊ុយក្រែនមួយនេះដែរ"។

លោកបានបន្ដទៀតថា ទំនិញនឹងត្រូវបញ្ជូន និងចែកចាយដោយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម។ លើសពីនេះទៀតរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សាអំពីតម្រូវការ ឱ្យមានកិច្ចប្រជុំទ្វេភាគី លើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យម-និងបានព្រមព្រៀង គ្នា ដើម្បីរក្សាការបើក ចំហរនៃទំនាក់ទំនង ទៅវិញទៅមក៕

 

·      ព៌តមានអន្តរជាតិទី: កូរ៉េខាងត្បូង រិះគន់ធ្ងន់ៗ​ ចំពោះទង្វើជប៉ុន នៅស្តូបរំឮកវិញ្ញាណក្ខន្ធ
យ៉ាស៊ូគូនី

Friday, 15 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ នេះបានថ្កោលទោសធ្ងន់ៗ ចំពោះលោក នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានបញ្ជូនមន្ត្រីរបស់ខ្លួន ព្រមទាំងសារសម្តែងករ គោរពវិញ្ញាណក្ខន្ធ ធ្វើទស្សនកិច្ចទៅកាន់ស្តូបយ៉ាស៊ូគូនី ដើម្បីរំឭកដល់ មនុស្សដែលបាន ស្លាប់ដោយសារ សង្គ្រាមដែលគេបាន ដឹងឮគ្រប់គ្នា ហើយកូរ៉េខាងត្បូងបាន ទាមទារឲ្យជប៉ុន សារភាពដោយផ្ទាល់ ពីឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែសីហា នេះទៀតថា លោក ណូហ៍ ក្វាងអ៊ីល អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងត្បូង បានអាននូវសេចក្តីថ្លែង ការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង ពិតជាមិនអាចសម្តែង ការអន់ឱនឲ្យអ្នកនយោបាយជប៉ុន នោះទេ ដើម្បីឲ្យពួកគេធ្វើទស្សនកិច្ចទៅកាន់ស្តូប យ៉ាស៊ូគូនី។ វាជានិមិត្តរូបនៃ របប អាណានិគមជប៉ុន ហើយវាពិតណាស់ថាជប៉ុនកំពុងព្យាយាម បំបិទដាននូវទង្វើឈ្លានពាន បែបបង្ហូរឈាម និង កខ្វក់របស់ខ្លួន កាលពីសម័យសង្គ្រាមនោះ។

គួរបញ្ជាក់ថាលោក អាបេ បានបញ្ជូនលិខិតសម្តែងការគោរពវិញ្ញាណក្ខន្ធទៅកាន់ស្តូប យ៉ាស៊ូគូនី តាមរយៈលោក កូអ៊ីជី ហាគីយូដា ជាមន្ត្រីតំណាង របស់ខ្លួននៅ ថ្ងៃសុក្រនេះ ដើម្បី រំឭកដល់ខួបឆ្នាំទី៦៩ នៃការទទួលចុះចាញ់សង្គ្រាម លោកលើកទីពីរ បន្ទាប់ពីទទួលបាន មេរៀនដំបូង នៃការទម្លាក់គ្រាប់បែកបរមានូ ពីរគ្រាប់ ពីសំណាក់អាម៉េរិក។

ចំពោះទំនាក់ទំនងរវាង ជប៉ុន និង កូរ៉េខាងត្បូង ហាក់មិនអាចស្តារឲ្យមានភាពប្រសើរឡើង នោះទេ ដោយសារតែកន្លងមក ជប៉ុន បានបដិសេធ មិនព្រមសុំទោស ជាសាធារណ លើអ្វី ដែលខ្លួនបានធ្វើទៅលើប្រទេស កូរ៉េខាងត្បូងក្នុងសម័យ អាណានិគម ជាពិសេសនោះ គឺ ការយកស្ត្រីកូរ៉េ ធ្វើជាទាសករ ផ្លូវភេទឲ្យទាហាន ជប៉ុនជាដើម។

នៅថ្ងៃសុក្រ នេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺហេ បានអំពាវនាវឲ្យជប៉ុន ប្រឈមមុខចំពោះប្រវត្តិសាស្ត្រ ហើយត្រូវផ្លាស់ប្តូរ ការភាន់ច្រឡំនានា ជុំវិញប្រវត្តិសាស្ត្រ។ ជប៉ុនត្រូវព្យាយាម បង្ហាញពីឧត្តមគតិ និង ការប្តេជ្ញា កសាងអនាគតថ្មីមួយ ជាមួយនឹង មិត្ត រវាងប្រទេសទាំងពីរ៕

 

·      ព៌តមានអន្តរជាតិទី: កូរ៉េខាងត្បូង ទទូចឲ្យកូរ៉េខាងជើង ទទួលយកសំណើជួបពិភាក្សា
រវាងមន្ត្រីជាន់ខ្ពស់

Friday, 15 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ ២០១៤នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានទទូចឲ្យសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជានិមិតកូរ៉េ បញ្ឈប់សកម្មភាពផលិត អាវុធនុយក្លេអ៊ែរ និង ទទួលយកសំណើជំនួបពិភាក្សាមន្រ្តីជាន់ខ្ពស់ ដើម្បីកាត់បន្ថយភាពតានតឹង។

លោកស្រី ផាក បានបញ្ជូនសារទៅក្រុងព្យុងយ៉ាង ឲ្យមានជំនួបពិភាក្សាមន្ត្រីជាន់ខ្ពស់នៅ ថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីជជែកពី ការជួបជុំគ្រួសារកូរ៉េ ដែលលោកស្រី បានថ្លែងក្នុង សុន្ទរកថា តាមទូរទស្សន៍ នៅថ្ងៃរំលឹកខួប លើកទី ៦៩ នៃការរំដោះឧបទ្វីបពីអាណានិគម រយៈពេល ឆ្នាំរបស់ជប៉ុន។

លោកស្រីបានបន្តទៀតថា កូរ៉េខាងជើង គួរតែបោះបង់ចោលនូវអាវុធ នុយក្លេអ៊ែរ របស់ខ្លួន ដែលមានឧទាហរណ៍ដូចជា ប្រទេសកាហ្សាក់ស្ថានស្រាប់ ហើយជ្រើសរើសយកកំណែទម្រង់ និង មានទំនាក់ទំនងសាជាថ្មី ដូចជា ប្រទេស វៀតណាម និង មីយ៉ាន់ម៉ា បានធ្វើរួចមកហើយ ដែលវានាំមកនូវ សនិ្តភាព និង វិបុលភាព។

លោកស្រីបានបញ្ជាក់ទៀតថា ភាគីទាំងពី គួរតែអត់ឱនឲ្យគ្នាទៅវិញទៅមកលើភាពខ្វះ ចន្លោះណាមួយ ហើយ ព្យាយាម ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង និង បង្កើនការយល់ដឹង ពីគ្នា ពីមួយជំហានទៅមួយជំហាន តាមរយៈ កិច្ចសហប្រតិបត្តការ យ៉ាងទន់ភ្លន់ដូចជាការ ចូលរួមកម្មវិធី ការពារ បរិស្ថាន ទន្លេ និង ព្រៃឈើ។ លោកស្រី បានអញ្ជើញសមភាគីកូរ៉េខាងជើង ឲ្យចូលរួមក្នុង សន្និសីទលើកទី ១២ របស់ អនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី ជីវចម្រុះ ដែលនឹងត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុង Pyeongchangរបស់កូរ៉េខាងត្បូង នៅឆ្នាំក្រោយនេះ។

ក្រៅពីនេះ អ្នកស្រីបានសង្កត់ធ្ងន់ទៅលើ ការបង្កើនសេដ្ឋកិច្ចជាមួយនឹងបច្ចេកវិទ្យាថ្មី និង ការយកចិត្តទុកដាក់ លើបញ្ហាគ្រោះថ្នាក់ ដែលបានកើតឡើង ជាញឹកញាប់ នៅឆ្នាំនេះផងដែរ៕

 

 

·      ព៌តមានអន្តរជាតិទី: ទាហានអាម៉េរិក ៦០០នាក់ បញ្ជូនទៅកាន់ប៉ូឡូញ សម្រាប់ការចល័តទ័ព

Friday, 15 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាសូវី ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា មន្ទីរប៉ង់តាហ្គោនអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ទាហានប្រហែលជា ៦០០ នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដែលជាផ្នែកមួយនៃការបង្វិលកងទ័ពមួយ សម្រាប់ប្រតិបត្ដិការអាត្លង់ទិក ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៥ ខែសីហា នេះឲ្យដឹងថា ប្រតិបត្ដិការ នេះ គឺជាសមយុទ្ធយោធារួមគ្នាមួយ រវាងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបខាងកើត ចំនួនបួន រួមមាន ប្រទេសប៉ូឡូញ លីទុយអានី ឡេតូនី និងអេស្តូនី។

ក្រុមទាហានថ្មី នឹងអនុវត្តន៍លំហាត់យោធាសម្រាប់រយៈពេល ៣ខែ ហើយនឹងជំនួសទាហាន ឆ័ត្រយោង ១៧៣ កងពលតូច ដែលបានចូលរួមនៅក្នុងបេសកកម្មចាប់តាំងពីខែមេសាមក។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនមួយរូប បាននិយាយថា "សមយុទ្ធ នៃកងកម្លាំងទាំងនេះ គឺធ្វើ តាមសំណើ របស់បណ្តាប្រទេសម្ចាស់ជាផ្ទះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវ ការសម្របសម្រួល ការចេញប្រតិបតិ្តការ តាមរយៈ ការបណ្តុះបណ្តាល តាមរយៈមេបញ្ជាការតូច និងមេបញ្ជាការ ជាន់ខ្ពស់" ។

គួរបញ្ជាក់ថា ការពង្រឹង យោធាជាប្រទេសសម្ព័ន្ធនៅអឺរ៉ុប បានកើតឡើងភ្លាមៗ តាំងពី សង្គ្រាមអ៊ុយក្រែនផ្ទុះឡើង ជាពិសេសនោះគឺការចល័តយោធារបស់ប្រទេសរុស្ស៊ី នៅ តាម ព្រំដែន ស្របពេលដែលក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន និង កងកម្លាំងរដ្ឋាភិបាល កំពុង ប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម ។

 

·      ព៌តមានអន្តរជាតិទី៦: ពូទីន៖ រុស្ស៊ី គួរកាត់ផ្តាច់ខ្លួនចេញពីលោកខាងលិច

Friday, 15 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ម៉ូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាដីមៀ ពូទីន បាន លើកឡើងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ប្រទេសរុស្ស៊ី គួរតែ ផ្តាច់ខ្លួនចេញពីពិភពលោកខាងក្រៅ ហើយភាពរង្គោះរង្គើផ្នែកទំនាក់ទំនងរវាងលោកខាងលិច និងខាងកើតនេះ កើតឡើងដោយសារបញ្ហានៅអ៊ុយក្រែនតែម្តង។

លោកប្រធានាធិបតីពូទីន បានលើកឡើងបន្ថែមក្នុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់គ្រីមាថា សង្គ្រាមពា ណិជ្ចកម្មរវាងរុស្ស៊ី ជាមួយសហរដ្ឋអាម៉េរិក និងអឺរ៉ុប មិនបានបំបែកបំបាក់ទំនាក់ទំនងទាំងនេះឡើយ យ៉ាងនេះក្តី រុស្ស៊ីមិនអនុញ្ញាតឲ្យប្រទេសទាំងនោះ គំរាមរុស្ស៊ីតទៀតបានឡើយ។

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ អ៊ុយក្រែនបានច្រានចោលមិនទទួលទង្វើរបស់ពូទីន ដែលធ្វើដំណើរទៅកាន់ប្រទេសគ្រីមៀ ព្រមទាំងបដិសេធមិនទទួលស្គាល់អំណាចកាន់កាប់របស់រុស្ស៊ី ទៅលើឧបទ្វីបគ្រីមៀ ដែលមាន ប្រជាជនរស់នៅប្រមាណជិតពីរលាននាក់ ដែលនិយាយភាសារុស្ស៊ីឡើយ។

ប៉ុន្តែរុស្ស៊ីវិញ ក៏បានច្រានចោលការប្រឆាំងពីសំណាក់អ៊ុយក្រែន ហើយបាននិយាយថា តំបន់គ្រីមៀគួរតែក្លាយជាសញ្ញាណថ្មីមួយ និងក្លាយជាទឹកដី ដែលបានបង្រួមបង្រួមជារដ្ឋថ្មីមួយរបស់រុស្ស៊ី៕

 

·      ព៌តមានអន្តរជាតិទី: អង្គភាពប្រឆាំងអំពើពុករលួយថៃ សម្រេចឲ្យសភាយោធា ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកក ៖ អង្គភាពប្រឆាំង អំពើពុករលួយថៃ បានសម្រេចឲ្យសមាជិកសភាពយោធា ប្រកាសទ្រព្យសម្បត្តិជាសារធាណៈ ក្នុង
រយៈពេល ៣០ថ្ងៃ ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិការពារ និង ប្រឆាំងអំពើពុករលួយថៃ បានសម្រចដោយសម្លេងឯកឆន្ទ បង្គាប់ឲ្យ សមាជិកសភា យោធា ចំនួន ២០០ រូប ធ្វើការប្រកាសទ្រព្យសម្បត្តិជា សាធារណៈ ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថថ្ងៃប្រកាសតែតាំងមុខងារ នាថ្ងៃទី ៨ ខែ សីហា កន្លងទៅនេះ ដើម្បីបង្ហាញពីភាពស្អាតសំ្អ ខណៈពេលកាន់តំណែង។

ទន្ទឹមគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បញ្ជាក់ថា មន្រ្តីយោធាជាន់ខ្ពស់ថៃ ដែលនឹងចូលកាន់តំណែង រដ្ឋាភិបាលនៅអាណត្តិថ្មីខាងមុននេះ ថាតើនឹងប្រកាសទ្រព្យសម្បត្តិ ដែរ ឬ ទេ? ជាពិសេសគណៈរដ្ឋមន្រ្តីយោធា ដែលដឹកនាំដោយ លោក ប្រាយុទ្ធ ចាន់អូឆា (មេដឹកនាំរដ្ឋប្រហារ) នឹងត្រូវបង្កើតឡើងនាពេលឆាប់ៗនេះ។ ស្របពេលដែលមន្រ្តីបក្សប្រឆាំងថៃ ទាមទារឲ្យ មន្រ្តីយោធា និង ស៊ីវិល ទាំងអស់ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ មុននឹងចូលកាន់មុខតំណែង។

 

·      ព៌តមានអន្តរជាតិទី: អ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមព្រៀង​ឈប់បាញ់​គ្នា​រយៈពេល ៥ថ្ងៃ

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

 

គែរ៖ សារព័ត៌មានMENA របស់អេហ្ស៊ីប បានរាយការណ៍ថា គណៈប្រតិភូអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងទីក្រុងគែរ កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់រយៈពេល ៥ថ្ងៃ នៅក្នុងជម្លោះនៅតែបន្ដ នៅតំបន់ហ្គាសាស្រ្ទីព ដោយគ្រប់គ្រងក្រុមហាម៉ាស។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា នេះជាលើកទី៣ ហើយសម្រាប់ប្រទេសអេហ្ស៊ីប បន្ទាប់ពីមានកិច្ចពិភាក្សាមិនផ្ទាល់ នៅក្នុងទីក្រុងគែរ ដើម្បីឲ្យមានបទឈប់បាញ់គ្នា រវាងចលនាក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្ដើមបើកការវាយប្រហារ ទៅលើតំបន់ហ្គាសា កាលពីថ្ងៃទី០៨ ខែកក្កដា មក។

បទឈប់បាញ់ ៧២ម៉ោងនេះ ត្រូវបានសម្របសម្រួល ដោយប្រទេសអេហ្ស៊ីប បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយត្រូវបានគេសន្មត់ថា ផុតកំណត់ប៉ុន្មាននាទីក្រោយនេះ មុននឹងបទឈប់បាញ់គ្នារយៈពេល ៥ ថ្ងៃ ឈានមកដល់។

ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប៉ាឡេស្ទីន ដែលមានរយៈពេលជាង ១ខែមកនេះ បង្កឲ្យពលរដ្ឋប៉ាឡេស្ទីន ចំនួន ១.៩៥០នាក់បានស្លាប់ និងប្រហែលជា ១០.២០០នាក់រងរបួស ខណៈដែលក្រុមសកម្ម ប្រយុទ្ធហាម៉ាស បានវាយប្រហារសម្លាប់ ទាហានអ៊ីស្រាអែលអស់ ៦៤នាក់ និងជនស៊ីវិល ៤នាក់។

ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នា លក្ខខណ្ឌរបស់ប៉ាឡេស្ទីននោះ គឺឱ្យមានបទឈប់បាញ់ ជាអចិន្រ្តៃយ៍មួយប៉ុន្ដែភាគច្រើន ដែលត្រូវបានបដិសេធ៕

 

·     ព៌តមានអន្តរជាតិទី: កូរ៉េខាងត្បូង និង អាម៉េរិក មិនខ្វល់ពីកូរ៉េខាងជើង ហើយបន្តធ្វើសមយុទ្ធ

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា នេះថា ខ្លួននឹង ធ្វើសមយុទ្ធយោធាមួយ នឹងសហរដ្ឋអាម៉េរិកក្នុងខែនេះ តាមផែនការ ដែលបានគ្រោងទុក ទោះបីជាមានការតវ៉ាសុំឲ្យលុបចោល ពីប្រទេសកូរ៉េខាងជើង ក៏ដោយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា អ្នកនាំពាក្យ ក្រសួងការពារជាតិកូរ៉េខាងត្បូងលោក គីម មីនសឿក បានប្រាប់ដូច្នេះថា សមយុទ្ធយោធា Ulchi Freedom Guardian នឹងប្រព្រឹត្តតាមការគ្រោងទុក។

គួរបញ្ជាក់ថា ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីគណកម្មាធិការបង្រួបបង្រួមជាតិ ដោយសន្តិភាពរបស់កូរ៉េខាងជើង ឬ មាតុប្រទេស ចេញសេចក្តីថ្លែង ការណ៍ទាមទារកាល ពីព្រឹកថ្ងៃ ព្រហស្បតិ៍ នេះ ឲ្យកូរ៉េខាងត្បូង ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញពីកូរ៉េខាងជើង ព្រមទាំង លុបចោលនូវផែនការ ធ្វើសមយុទ្ធយោធាជាមួួអាម៉េរិកទាំងអស់ផងដែរ។

ស្របពេលនៃការអំពាវនាវនោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានបាញ់គ្រាប់ មីស៊ីលសាកល្បង ចំនួន ៣គ្រាប់ទៅក្នុងដែនទឹកភាគខាងត្បូងរបស់ខ្លួន កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០១៤, នេះបើតាមការដកស្រង់សេចក្តីរាយការណ៍ពី ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។

 

 

·      ព៌តមានអន្តរជាតិទី១០: លោក ពូទីន ធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើល នៅគ្រីមា កាលពីថ្ងៃពុធ

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

គ្រីមា៖ លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀ ពូទីន បានធ្វើទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលមួយទៅកាន់ តំបន់គ្រីមា កាលពីថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ ២០១៣ ស្របពេលដែលតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន កំពុងតែគ្របដណ្តប់ដោយអំពើហិង្សាយ៉ាងក្តៅគគុកនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា នេះថា ការធ្វើទស្សនកិច្ចនេះ គឺជាការបង្ហាញឲ្យកាន់តែច្បាស់ថាតំបន់គ្រីមាដែលមានផ្ទៃដី ២៧.០០០ គីឡូម៉ែត្រក្រឡា និង មានប្រជាជនជាង ២លាននាក់នេះ ជាទឹកដីរបស់រុស្ស៊ីពិតប្រាកដ។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ី បានបំផុសឲ្យមានការបោះឆ្នោត ប្រជាមតិនៅគ្រីមាកាលពីដើមខែ មីនា កន្លងទៅនេះ ដោយប្រជាជននៅទីនោះស្ទើរតែ ១០០%ទៅហើយបានបង្ហាញថា ចង់ស្ថិតក្រោមអាជ្ញាធររុស្ស៊ី ជាងអ៊ុយក្រែន។ ទោះបីជាបែបនេះក៏ដោយតាមច្បាប់អន្តរជាតិទឹកដីតំបន់គ្រីមា គឺជាតំបន់ស្វយត្រមួយនៃ ប្រទេសអ៊ុយក្រែន ប៉ុណ្ណោះ ដែលវាទទួលស្គាល់ដោយអន្តរជាតិ ប៉ុន្តែរុស្ស៊ីបានកាប់ទាំងស្រុង តាំងពីខែមីនា មកដោយមិនខ្វល់ ពីការថ្កោលទោសរបស់លោកខាងលិចឡើយ៕

 

·      ព៌តមានអន្តរជាតិទី១១: មន្រ្តីបក្សប្រឆាំងថៃ ទាមទារឲ្យរបបយោធា ប្រកាសទ្រព្យសម្បត្តិ
ជាសាធារណៈ

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកក ៖ សមាជិកបក្ស ប្រឆាំងថៃ លោក កន ចាតិកាវ៉ានីត បានទាមទារ ឲ្យមន្រ្តីយោធាជាន់ខ្ពស់ ប្រកាស ទ្រព្យសម្បត្តិជាសារធាណៈ មុននឹងចូលកាន់តំណែង ដើម្បីភាពស្អាតសំ្អ ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា លោក កន ចាតិកាវ៉ានីត អតីតរដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ និង ជាមន្រ្តីបក្សប្រឆាំងថៃ បានសរសេរ នៅក្នុងបណ្តេញសង្គម Facebook ផ្ទាល់ខ្លួន មានខ្លឹមសារ ទាមទារឲ្យរបបយោធា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ប្រធានគណៈរក្សាសន្តិសុខជាតិ ប្រកាសទ្រព្យ សម្បត្តិជាសាធារណៈ ដើម្បី ផ្តល់ទំនុកចិត្ត ដល់អ្នកគាំទ្រក្នុងការប្រឆាំង អំពើពុករលួយ និង បង្ហាញពីភាពស្អាតស្អំ មុនចូលកាន់ តំណែងក្នុងរដ្ឋាភិបាលថ្មីនោះពេលខាងមុខនេះ។

ទន្ទឹមគ្នានេះដែរ លោក ប្រាមន្ត សុធីវង្ស ប្រធានអង្គភាពប្រឆាំង អំពើពុករលួយថៃ បានបង្ហាញពី ចេតនា របស់ខ្លួនថា គណៈរក្សាសន្តិសុខជាតិ (យោធា) គួរតែប្រកាសទ្រព្យសម្បត្តិ ដើម្បីឲ្យមាន ត្រួតពិនិត្យ ជាសាធារណៈ ដោយត្រឹមគិតថាជា រំលោភសិទ្ធិយោធានោះ ផ្ទុយទៅវិញគឺជាការផ្តល់ជំនឿចិត្ត និង ភាពស្អាតស្អំ ចំពោះសាធារណៈជន ព្រោះជាទំនៀម នៃការប្រកាសចូលកាន់អំណាច របស់រដ្ឋាភិបាល និមួយៗ នៅពេលកន្លងមក ៕

 

·      ព៌តមានអន្តរជាតិទី១២: លោក បាន គីមូន អំពាវនាវរកដំណោះស្រាយសន្តិភាពជាបន្ទាន់
នៅអ៊ុយក្រែន

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

យូអិន ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញនេះ អគ្គលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ លោក បាន គីមូន បានអំពាវនាវ សារជាថ្មីម្តងទៀត និង រឹតតែខ្លាំងឡើងនូវ ការស្វែងរក ដំណោះស្រាយនយោបាយ និង ការទូត ឆ្ពោះទៅរក សនិ្តភាព លើវិបត្តិនៅប្រទេស អ៊ុយក្រែន ។

អ្នកនាំពាក្យ អគ្គលេខាធិការយូអិន លោក Stephan Dujarric បានប្រាប់អ្នកយកការណ៍ព័ត៌មាន នានាថា អគ្គលេខាធិការដ្ឋានយូអិន បានចេញសេចក្តីថ្លែងការណ៍មួយ នៅពេលដែលលោក បាន គីមូន បានពិភាក្សាតាមទូរស័ព្ទជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូន។

លោក Dujarricបានបន្តទៀតថា លោក បាន គីមូន កំពុងបន្តឃ្លាំមើលយ៉ាងដិតដល់ លើ វិបត្តិនៅអ៊ុយក្រែន ហើយកាន់តែបង្កើនការខ្វាយខ្វល់បន្ថែមទៀត។ លោកប្រធានថែមទាំង បាន បង្ហាញនូវក្តីសង្ឃឹមថា វាប្រាកដជាមានដំណើរការជាក់ស្តែង អនុវត្តន៍ទៅតាម គោលការណ៍សន្តិភាពរបស់ប្រធានាធិបតី អ៊ុយក្រែន។

អគ្គលេខាធិការបានបន្តទៀតថា ចំពោះការគោរពទៅតាមស្ថាន ភាពមនុស្សធម៌ អគ្គលេខាធិការយូអិន បានផ្តល់ការគាំទ្រទៅដល់សហរដ្ឋអាម៉េរិក ក្នុងន័យសម្របសម្រួល ជាមួយនឹង ដៃគូអន្តរជាតិលើបញ្ហានេះ។

សូមបញ្ជាក់ផងដែរថា យោងទៅតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតត្រឹម ថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះមក យ៉ាងហោចណាស់ ចំនួនប្រជាជន ១ ១២៩ នាក់បានស្លាប់ និង ៣.៤៤២ នាក់ផ្សេងទៀតរងរបួសនៅប្រទេសអ៊ុយក្រែន។ ដោយឡែកប្រជាជនរាប់ម៉ឺន នាក់ទៀតបានផ្លាស់ទីលំនៅចេញពីកន្លែងមានជម្លោះ និង តំបន់ផ្តាច់ខ្លួនដូចជាគ្រីមា ជាដើម។

 

·      ព៌តមានអន្តរជាតិទី១៣: កូរ៉េខាងជើង បាញ់មីស៊ីល ៣គ្រាប់ ទៅក្នុងដែនទឹកខាងកើត

Thursday, 14 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល ៖ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានបាញ់គ្រាប់មីស៊ីល សាកល្បង ចំនួន ៣គ្រាប់ ទៅក្នុងដែនទឹកភាគខាងត្បូង របស់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០១៤, នេះបើតាមការដកស្រង់សេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។

ចំពោះមីស៊ីលសាកល្បងចំនួន ៣គ្រាប់ខាងលើនេះ ត្រូវបានអ្នកជំនាញជឿជាក់ថា បានបាញ់ ចេញពីឧបករណ៍បាញ់គ្រាប់រ៉ុក្កែតពហុទំហំ ៣០០ មីលីម៉ែត្រ ហើយវាមានរយៈចម្ងាយ ប្រមាណ ២០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ការបាញ់នេះ បានកើតឡើងបន្ទាប់ពីគណកម្មាធិការបង្រួបបង្រួមជាតិដោយ សន្តិភាពរបស់កូរ៉េខាងជើង ឬ មាតុប្រទេស ចេញសេចក្តីថ្លែងការណ៍ទាមទារកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ នេះ ឲ្យកូរ៉េខាងត្បូង ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញពីកូរ៉េខាងជើង ព្រមទាំង លុបចោលនូវផែនការធ្វើសមយុទ្ធយោធាជាមួយអាម៉េរិក ទាំងអស់ផងដែរ។

 

·      ព៌តមានអន្តរជាតិទី១៤: កូរ៉េខាងត្បូង និយាយ​ដោយចំហរ​ថា នឹង​បង្កើត​របប​សន្តិភាព​
នៅ​ឧប​ទ្វីបកូរ៉េ

Wednesday, 13 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ មន្រ្តីនៃប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនអាចនឹងពិភាក្សាជាមួយ ប្រទេសកូរ៉េខាងជើង អំពីរបៀបបង្កើតរបបសន្តិភាព នៅឧបទ្វីបកូរ៉េ អំឡុងពេលភាពតានតឹង នៅបន្តនៅឡើយ។

យោងតាមសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់វិមានប្រធានាធិបតី កូរ៉េខាងត្បូងថា «បើតាមពង្រាងនយោបាយសន្តិសុខជាតិ របស់លោកស្រី ផាក គុនហេ កូរ៉េខាងត្បូង អាចនឹងពិភាក្សាអំពី ការបង្កើតរបបសន្តិភាព នៅក្នុងលក្ខណ្ឌសុក្រិត»

ការិយាល័យវិមានប្រធានាធិបតី មិនបានបញ្ជាក់លម្អិត ពីគោលការណ៍នៅលើអ្វី ដែលវាមានន័យថា របបសន្តិភាពនោះទេ ទោះបីជាវាត្រូវបានគេ មើលឃើញជាទូទៅថា ជាសន្ធិសញ្ញាសន្តិភាពមួយ ដែលអាចជំនួសកិច្ចព្រមព្រៀង បទឈប់បាញ់ដែលបានបញ្ចប់ សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ក៏ដោយ។

ចំណែកប្រទេសកូរ៉េខាងជើង បានអះអាងថា សន្ធិសញ្ញាសន្តិភាពមួយ នឹងបញ្ចប់នូវអ្វីដែល រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងបានហៅថា គោលនយោបាយអមិត្ត របស់សហរដ្ឋអាមេរិក និងការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងប្រទេសកុម្មុយនិស្ត និងនាំឲ្យមានការដក អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕

 

·      ព៌តមានអន្តរជាតិទី១៥: តើជាជំនួយ ឬជាការលុកលុយសម្រាប់ក្បួនរបស់រុស្ស៊ី នៅជិតព្រំដែន
អ៊ុយក្រែន
?

Wednesday, 13 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

គៀវ៖ តើវាជាក្បួនជំនួយមនុស្សធម៌ ឬមួយជាក្បួននៃការលុកលុយ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលមានក្បួនដង្ហែរ រថយន្តធុនធំ ពណ៍ស ចំនួន ២៨០គ្រឿងយ៉ាងវែង អន្លាយនៅលើផ្លូវឆ្ពោះទៅ កាន់ព្រំដែនភាគខាងកើតអ៊ុយក្រែន។

យោងតាមសាររព័ត៌មាន CNNចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា ក្នុងនោះ វាអាចជាជំនួយ ស្បៀងអាហារសម្រាប់ជនស៊ីវិល ឬក៏អាចជាការ លុកលុយជួរមុខរបស់រុស្ស៊ី នៅភាគខាងកើតប្រទេស អ៊ុយក្រែន។

ជាមួយគ្នានេះដែរ វត្តមានរបស់កងទ័ពរុស្ស៊ីនៅតែបន្ដកើតមាននៅជិតព្រំដែនអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែន កំពុងបន្ថែមសម្ពាធ ទៅលើក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ីដែលនៅជុំវិញទីក្រុងដូណេតស៍។

អនុរដ្ឋមន្រ្តីក្រសួងការ បរទេស អ៊ុយក្រែនលោក ដានីឡូ លួបគីវស្គី បានថ្លែងប្រាប់ ក្រុមអ្នករាយការណ៍កាលពីថ្ងៃអង្គារថា «ប្រទេសរុស្ស៊ីព្យាយាមបង្កើតលេសថ្មីៗ សម្រាប់គោល នយោបាយរបស់ពួកគេ។ នៅក្នុងរដ្ឋ ចចជៀរ កំពុងការពារជនជាតិដើមគាំទ្ររុស្ស៊ី និងនៅក្នុងតំបន់គ្រីមៀ របស់អ៊ុយក្រែន កំពុង ការពារការលុកលុយរបស់អង្គការណាតូ»

លោកបាននិយាយថា សំដៅទៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកំពុងតែហែកហួរ ដោយសង្គ្រាមរួមបញ្ចូល ទាំងទីក្រុងដូណេតស៍ និងលូហេនស៍ ពួកគេកំពុងតែព្យាយាមប្រើ លេសនៃការផ្តល់ជំនួយ និងជំនួយមនុស្សធម៌នេះ។ បើគ្មានការផ្តល់ជូននូវ ភស្តុតាងនោះទេ មន្រ្តីអ៊ុយក្រែន មិនអាចចោទប្រកាន់ ប្រទេស រុស្ស៊ី ពីការលាបពណ៍ រថយន្តយោធាពណ៌ស ដើម្បីបិទបាំងកិច្ចខិតខំប្រឹងប្រែង និងគោលបំណង របស់ពួកគេ៕

 

·      ព៌តមានអន្តរជាតិទី១៦: ទីប្រឹក្សាយោធាអាម៉េរិក ជាង ១៣០ នាក់ទៀត ត្រូវ​បញ្ជូន​ទៅកាន់អ៊ីរ៉ាក់

Wednesday, 13 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាយោធាអាម៉េរិកប្រមាណជាង ១៣០នាក់បន្ថែមទៀតកំពុងត្រូវបាន បញ្ជូនទៅកាន់ ប្រទេសអ៊ីរ៉ាក់ ដើម្បីអង្កេតដំណើរការជួយ សង្គ្រោះសម្រាប់ជនស៊ីវិលក្នុងស្រុក ដែលជាប់គាំងដោយសារ ការពង្រីកឥទ្ធិពលរបស់ រដ្ឋឥស្លាមនៅអ៊ីរ៉ាក់ស៊ីរី និងក្រុម សកម្មប្រយុទ្ធ ISILនៅតំបន់ភ្នំភាគខាងជើងប្រទេស។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអាម៉េរិក CNN ថា ក្រុមប្រឹក្សាយោធានឹងសង្កេតមើលពី កិច្ចខិតខំប្រឹងប្រែង លើជំនួយសង្គ្រោះបន្ទាន់ ដើម្បីធ្វើការពិចារណាបន្ថែមទៀត ថាតើនឹងនាំ យកជនស៊ីវិលអ៊ីរ៉ាក់ រាប់ពាន់នាក់ចេញពី ភ្នំ ស៊ីនចារ ឫមួយក៏យ៉ាងណា។

យោងតាមសេចក្ដីរាយការណ៍ដដែលបានឲ្យដឹងថា ប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ពីមុនមក បានអនុញ្ញាតឲ្យបញ្ជូន ក្រុមប្រឹក្សាយោធាដល់ទៅ ៣០០នាក់រួចមកហើយ ទៅកាន់អ៊ីរ៉ាក់។ ថ្មីៗនេះយោធា អាម៉េរិកចំនួន ២៥០នាក់ហើយ ស្ថិតនៅអ៊ីរ៉ាក់ នឹងកំពុង ទាក់ទងយ៉ាងជិតស្និទ្ធជាមួយ បេសកកម្មរបស់មជ្ឈមណ្ឌល ប្រតិបត្ដិការរួមគ្នាពីរ និង ការកសាងសមត្ថភាព របស់កងកម្លាំងអ៊ីរ៉ាក់។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងការពារជាតិអាម៉េរិក បានប្រកាសថាកងកម្លាំងទ័ពអាកាស អាម៉េរិក និងយន្ដហោះរបស់កងនាវាជើងទឹក បានវាយប្រហារគោលដៅចំនួន ១៥ ដើម្បី ការពារប្រជាជនអាម៉េរិក និងកងកម្លាំងនៅក្នុង និងជុំវិញទីក្រុងអ៊េប៊ីល ជាកន្លែងដែលក្រុម ISIL កំពុងបង្កភាពវឹកវរយ៉ាងខ្លាំងនោះ។

 

·      ព៌តមានអន្តរជាតិទី១៧: អាម៉េរិក បំពាក់អាវុធដល់ពួក Kurds នៅអ៊ឺរ៉ាក់ ដោយផ្ទាល់ដៃ

Tuesday, 12 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ស៊ីអិនអិន ៖ មន្ត្រីសហរដ្ឋអាម៉េរិក បានប្រាប់ដល់ សារព័ត៌មាន ស៊ីអិនអិន ថា រដ្ឋបាលរបស់ ប្រធានាធិបតីអាម៉េរិកលោក អូបាម៉ា បានដឹកជញ្ជូនសាព្វាវុធតាមកប៉ាល់ទៅកាន់ កងកម្លាំង Kurd ដែលកំពុងប្រយុទ្ធតតាំង ជាមួយក្រុមសកម្មយុទ្ធ (ISIS) នៅភាគខាងជើងប្រទេស អ៊ឺរ៉ាក់ ហើយ កំពុងគិតពិចារណាក្នុងការពង្រីកការដឹកជញ្ជួនសាព្វាវុធបន្ថែមទៀត។

មន្ត្រីសហរដ្ឋអាម៉េរិក ២រូប បាននិយាយថា ការដឹកជញ្ជូនអាវុធចេញពីស្នាក់ការ CIA គឺមាន ចម្ងាយ ឆ្ងាយណាស់ ប៉ុន្តែការពិភាក្សាគឺស្ថិតនៅក្រោមរដ្ឋបាល ថាតើ ក្រសួងការពារជាតិ នឹងចូលពាក់ព័ន្ធ ឬក៏អត់។ មន្ត្រីម្នាក់ទៀតបាននិយាយថា មន្ទីរ Pentagonនិង ក្រសួង ការបរទេសអាម៉េរិក មិនបានលក់ ឬ ជញ្ជូន អាវុធទៅកាន់ អង្គភាពមិនមែនរដ្ឋនោះទេ ប៉ុន្តែ រដ្ឋបាលគឺកំពុងស្វែងរក លក្ខខណ្ឌបន្ធូរបន្ថយក្នុងការប្រយុទ្ធគ្នានេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Marie Harf បានប្រាប់ដល់អ្នកយកព័ត៌មាន ស៊ីអិនអិន កាលពីថ្ងៃចន្ទ ថា « យើងកំពុងធ្វើការជាមួយ រដ្ឋាភិបាលប្រទេស អ៊ឺរ៉ាក់ លើការ បង្កើន និង រួសរាន់បំពាក់អាវុធដល់កងទ័ព Kurdជាបន្ទាន់ »។ ក្នុងសេចក្តីថ្លែងការណ៍ ផ្សេង មួយទៀត លោកស្រី Harf បាននិយាយថា រដ្ឋាភិបាលអ៊ឺរ៉ាក់ បានទទួលអាវុធពីស្តុករបស់ខ្លួន ហើយយើងក៏ធ្វើការបញ្ជូនទៅហើយរួចរាល់ដែរ។

លោកស្រី បាននិយាយទៀតថា យើងខិតខំប្រឹងប្រែងធ្វើឲ្យហើយក្នុងការសម្របសម្រួល ជាមួយ រដ្ឋាភិបាលក្រុងបាកដាដ។ មន្ត្រីម្នាក់បាននិយាយថា តាំងពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន រដ្ឋាភិបាលប្រទេស អ៊ឺរ៉ាក់ បានដឹកជញ្ជូន សាព្វាវុធ និង អាវុធយុទ្ធភ័ណ្ឌ ចំនួន ៣ កប៉ាល ទៅកាន់ពួក Kurd ហើយមានការដឹកជញ្ជូនបន្ថែមផ្សេងទៀត ពីភ្នាក់ងារ CIA អាម៉េរិក ៕

 

·      ព៌តមានអន្តរជាតិទី១៨: អាល្លឺម៉ង់ និយាយថាទេចំពោះជំនួយយោធា ទៅឲ្យក្រុមឃឺដ នៅអ៊ីរ៉ាក់

Tuesday, 12 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ប៊ែរឡាំង ៖ យោងតាមទូរទស្សន៍អាល្លឺម៉ង់ARD នៅថ្ងៃអង្គារ នេះបានរាយការណ៍ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់យ៉ាង ច្បាស់ថា ទេ ចំពោះការបញ្ជូន យោធាអាល្លឺម៉ង់ ទៅឲ្យក្រុម ឃឺដ នៅក្នុងប្រទេស អ៊ីរ៉ាក់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាម ARD ដែលបានរាយការណ៍នៅក្នុងគេហទំព័ររបស់ខ្លួនថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្ទេហ្វិន ស៊ីបឺត កាលពីថ្ងៃចន្ទម្សិលមិញនេះបាននិយាយថា ផ្អែកលើគោលការណ៍ របស់រដ្ឋាភិបាលរបស់ខ្លួន គឺអាល្លឺម៉ង់ មិនអាចបញ្ជូនអាវុធ ទៅកាន់តំបន់ជម្លោះនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ រូបនេះបានថ្លែងទៀតថា ប្រទេសអាល្លឺម៉ង់នាពេល បច្ចុប្បន្ននេះ កំពុងសង្កត់ធ្ងន់ទៅលើការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់អ៊ីរ៉ាក់។ អាល្លឺម៉ង់ ប្ដេជ្ញាថា នឹង ផ្ដល់ប្រាក់ ៤,៤លានអឺរ៉ូ ស្មើនឹង ៥,៩លានដុល្លារអាម៉េរិក សម្រាប់ជំនួយ មនុស្សធម៌ជាបន្ទាន់ ដើម្បីជួយដល់ជនភៀសខ្លួន ដោយសារតែក្រុមសកម្មប្រយុទ្ធ នៅក្នុងរដ្ឋឥស្លាម IS បង្កព្យុះភ្លៀងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ប្រភពដដែលបានបន្ថែមទៀតថា មេដឹកនាំក្រុមឃឺដ បានដាក់សំណើសុំអាវុធពីអាល្លឺម៉ង់ សម្រាប់កងយោធាឃឺដ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ធ្វើឲ្យបណ្ដាសមាជិកនៅសហភាពអឺរ៉ុប មានគំនិតផ្សេងៗគ្នា។

ការទាមទារបញ្ជូនកងយោធាតៅកាន់ប្រទេសអ៊ីរ៉ាក់ គឺកើតចេញពីប្រទេសអាល្លឺម៉ង់។ អតីត ប្រធាន BND សេវាចារកម្មបរទេសអាល្លឺម៉ង់ បានថ្លែងប្រាប់កាសែត Bild កាលពីថ្ងៃអាទិត្យ កន្លងទៅនេះថា រដ្ឋាភិបាលអាឡឺម៉ង់ គួរផ្តល់កងកម្លាំងទៅឲ្យក្រុមឃឺដ ឲ្យបានភ្លាមៗ ជាមួយនឹងអាវុធទំនើប ដើម្បីជួយ ពួកគេក្នុងការការពារខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ខណៈដែលមានការអំពាវនាវនៅក្នុងប្រទេស អាល្លឺម៉ង់ ឲ្យបង្កើននូវភារកិច្ចរបស់ខ្លួន ស្របពេលមានវិបត្តិនៅអ៊ីរ៉ាក់។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះ មានតែសហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលបានបញ្ជូន អាវុធ ទៅបំពាក់ដោយផ្ទាល់ទៅកាន់ក្រុមឃឺដ បន្ទាប់ពីមានការព្រមព្រៀងដោយក្រសួង ការពារជាតិ និង ទីភ្នាក់ងារស៊ើបអង្កេតសម្ងាត់ CIA

 

·      ព៌តមានអន្តរជាតិទី១៩: អតីតអ្នកចរចានុយក្លេអ៊ែរអាម៉េរិក អំពាវនាវឲ្យចរចាជាមួយកូរ៉េខាងជើងឡើងវិញ

Tuesday, 12 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន ៖ បទសម្ភាសន៍ ដែលបានធ្វើឡើង ជាមួយអតីតប្រធាន ផ្នែកចរចាបញ្ហា នុយក្លេអ៊ែរ នៅកូរ៉េខាងជើងលោក រ៉ូប៊ឺត ហ្គាល់លូស៊ី បានបង្ហាញពីការ ចង់បានជាប្រញាប់នូវ កិច្ចចរចា ឡើងវិញជាមួយនឹងរដ្ឋកុម្មុយនិស្តព្យុងយ៉ាង ហើយបើនៅតែបន្តមិនព្រមបើកកិច្ចពិភាក្សាគ្នា ទៀតសោះ វានឹងធ្វើឲ្យស្ថាន ភាពកាន់តែអាក្រក់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ទីភ្នាក់ងារព័ត៌មានយ៉ុន ហាប់របស់កូរ៉េខាងត្បូង បានចេញផ្សាយកាលពីចុងសប្តាហ៍មុននេះថា លោក រ៉ូប៊ឺត គឺជាអ្នកដែលបានលើកឡើងដំបូងពីវិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើង កាលពីឆ្នាំ ១៩៩៤ រហូតដល់បង្កើតបានដំណោះស្រាយមួយជាមួយនឹងទីក្រុងព្យុងយ៉ាង។ លោកបាន លើកឡើងថា លោកមានឆន្ទៈក្នុង ការចូលរួមដើរតួនាទីជាថ្មី ដើម្បីជួយដោះស្រាយភាពជាប់ គាំង ប្រសិនបើរដ្ឋាភិបាលអាម៉េរិកស្នើសុំនោះ។

លោក រ៉ូប៊ឺត បានថ្លែងប្រាប់យ៉ុនហាប់ដូច្នេះថា "បញ្ហាកូរ៉េខាងជើង ពិតជាមិនអាចប្រសើរឡើង ដោយទុកចំហរចោល ឲ្យរសាយតាមពេលវេលានោះឡើយ។ វានឹងក្លាយជាផលពិបាក ជា មួយនឹងពេលវេលាកន្លងហួសពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលកូរ៉េខាងជើងនឹងមានលទ្ធភាព បង្កើននូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយនឹង ព្លុយតូញ៉ូម។ ជាងនេះទៅទៀតគេនឹង ឈានដល់ការច្នែបង្កើតគ្រឿងចក្រ និង អាវុធនុយក្លេអ៊ែរ ទំនើបៗជាច្រើនទៀត។”

គួរបញ្ជាក់ថាដំណោះស្រាយនុយក្លេអ៊ែរ ១៩៩៤ បានតម្រូវឲ្យប្រទេសកូរ៉េខាងជើងផ្អាកនូវកម្ម វិធីទាក់ទងនឹងនុយក្លេអ៊ែរទាំងអស់ ជាថ្នូរនឹងការផ្តល់ជូន នូវម៉ាស៊ីរ៉េអាក់ទ័រ ដើរដោយថាមពល ពន្លឺ និង ទឹកសម្រាប់បង្កើតថាមពលប្រើប្រាស់ ព្រមទាំងការធ្វើឲ្យទំនាក់ទំនងបានប្រសើរ ឡើងវិញជាមួយនឹងសហរដ្ឋអាម៉េរិក។ ប៉ុន្តែកិច្ចព្រមព្រៀងទាំងអស់បានបរាជ័យ នៅពេល វិបត្តិនុយក្លេអ៊ែរកើតឡើងជាថ្មីកាលពីចុងឆ្នាំ ២០០២។

 

 

·      ព៌តមានអន្តរជាតិទី២០: ប្រធានយូអិន ស្វាគមន៍បទឈប់បាញ់គ្នាថ្មី នៅតំបន់ហ្គាសា

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន នៅថ្ងៃអាទិត្យ ទី១០ ខែសីហា បានស្វាគមន៍ចំពោះ បទ ឈប់បាញ់គ្នា ដើម្បីមនុស្សធម៌ រយៈពេល ៧២ម៉ោង នៅតំបន់ហ្គាសា ក្រោមការសម្របសម្រួល ដោយប្រទេស អេហ្ស៊ីប ដោយសង្ឃឹមថា បទឈប់បាញ់គ្នាថ្មីនេះ នឹងឈានទៅដល់ស្ថានការណ៍ស្ថិតស្ថេរមួយ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់ អ្នកនាំពាក្យលោក បាន គីមូន ក្នុងសេចក្តីថ្លែងការណ៍ថា «លោកអគ្គលេខាធិការបានស្វាគមន៍ ចំពោះសេចក្តីប្រកាស ដោយ អេហ្ស៊ីប នៅថ្ងៃនេះថា ប្រទេស អ៊ីស្រាអែល និងប៉ាឡេស្ទីន បានទទួលយកបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ដើម្បី មនុស្សធម៌រយៈពេល ៧២ម៉ោង ដោយចាប់ផ្តើមនៅវេលាកណ្តាលអធ្រាត្រម៉ោងក្នុងតំបន់»

លោក បាន គីមូន បានសម្តែងសេចក្តីសង្ឃឹមដ៏ខ្លាំងរបស់លោកថា «នេះនឹងផ្តល់ឱ្យភាគីទាំងពីរ ស្ថិតនៅក្រោមការសម្រប សម្រួលរបស់អេហ្ស៊ីប ដើម្បីជាឱកាសមួយផ្សេងទៀត ដើម្បីយល់ព្រមលើបទឈប់បាញ់ឲ្យបានស្ថិតស្ថេរ និងជាប្រយោជន៍ ដល់ប្រជាជនស៊ីវិលទាំងអស់ ហើយដែលជាចំណុចចាប់ផ្តើមមួយ ដើម្បីដោះស្រាយសារទុក្ខមូលដ្ឋាននេះ»

ជាមួយគ្នានោះដែរ លោកជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដើម្បីបញ្ចប់បញ្ហាជម្លោះនឹងគ្នានេះ ដោយលោកបាន បន្ថែមថា អង្គការសហប្រជាជាតិ បានត្រៀមជំហរខ្លួនជាស្រេចហើយ ដើម្បីជាជំនួយដល់ការអនុវត្តកិច្ចព្រមព្រៀង ដែល នឹងពង្រឹងសន្តិភាព និងអនុញ្ញាតសម្រាប់ត្រូវការចាំបាច់ច្រើនសម្រាប់ការអភិវឌ្ឍ និងការកសាងឡើងវិញនៃ តំបន់ ហ្គាសាស្រ្ទីព៕

 

·      ព៌តមានអន្តរជាតិទី២១: អ៊ីស្រាអែល ទទួលយក​បទឈប់​បាញ់​គ្នា​រយៈពេល ៧២ម៉ោង ចាប់ពី​ម៉ោង ១រំលង​អធ្រាត្រ

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្ស៊េរុយសាឡឹម៖ បើតាមមន្រ្តីអ៊ីស្រាអែលមួយរូប បានប្រាប់ស៊ិនហួថា ប្រទេសអ៊ីស្រាអែល បានទទួលយកបទឈប់បាញ់គ្នា
រយៈពេល ៧២ម៉ោង ដោយចាប់ផ្តើមពីម៉ោង ១រំលងអធ្រាត្រម៉ោងក្នុងតំបន់ ថ្ងៃចន្ទ ដែលជាការស្នើជាថ្មី ដោយប្រទេសអេហ៊្សីបហើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ថា កងកម្លំាងរបស់អ៊ីស្រាអែល និងក្រុមហា
ម៉ាស់ បានផ្អាកឈប់បាញ់គ្នារយៈពេល ៧២ម៉ោង ចាប់ពីថ្ងៃអង្គារ រហូតដល់ព្រឹកថ្ងៃសុក្រ បើជាបីជាបទឈប់បាញ់គ្នា កាលពីពេលមុនបរាជ័យ កាលព្រឹកថ្ងៃសុក្រ ដោយក្រុមហាម៉ាស់ បន្តបាញ់មីស៊ីលទៅសហគមន៍ ភាគខាងត្បូងអ៊ីស្រាអែល ហើយកងកម្លំាងអ៊ីស្រាអែល ឆ្លើយតបវិញដោយការ វាយប្រហារពីអាកាស និងបាញ់កាំភ្លើងត្បាល់ដាក់វិញក៏ដោយ។

ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នានេះ គណៈប្រតិភូរបស់អ៊ីស្រាអែលមួយក្រុម បានបញ្ជូនទៅកាន់ប្រទេសអេហ៊្សីប កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីបទឈប់បាញ់គ្នា ជាអចិន្ត្រៃយ៍ជាមួយគណៈប្រតិភូមួយក្រុម របស់ប៉ាឡេស្ទីន ក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប

សូមបញ្ជាក់ផងដែរថា អំឡុងពេលកំពុងមានបទឈប់បាញ់ រវាងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យយោធាប៉ាឡេស្ទីន បានបន្តបាញ់មីស៊ីលទៀត ប្រមាណជិត ៣០គ្រាប់ ទៅភាគខាងត្បូងអ៊ីស្រាអែល ហើយក៏មានការបាញ់ផ្លោង កាំភ្លើងត្បាល់ពីអ៊ីស្រាអែល ទៅវិញផងដែរ៕

 

·      ព៌តមានអន្តរជាតិទី២២: បេក្ខជនត្រៀមគ្រងតំណែង មេទ័ពជើងគោកថៃ ត្រូវបង្ហាញមុខហើយ

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកក៖ លេចចេញបេក្ខភាពមេបញ្ជាការកងទ័ពជើងគោកថៃថ្មី បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូឆា រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប គ្រោងនឹងចូលនិវត្តន៍ នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ដោយមិនមានការ ស្នើសុំពន្យារអាយុចូលនិវត្តន៍នោះទៀតទេ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា បេក្ខភាពមេបញ្ជាការកងទ័ពជើងគោកថៃថ្មីគឺ ឧត្តមសេនីយ៍ឯក ឧត្តមតេជ ស៊ីតាបុត្រ ដែលមានបច្ចុប្បន្ន មានមុខងារជា មេបញ្ជាការរងកងទ័ពជើងគោក ថៃ ត្រូវបានគេផ្គូផ្គង ដើម្បីជំនួសតំណែងលោក ។ លើសពីនេះ សម្រាប់តំណែងយោធាជាន់ខ្ពស់ ដទៃទៀត ត្រូវបានបង្ហាញជាបន្តបន្ទាប់ ។

របាយការណ៍យ៉ាងលំអិត ចេញពីស្ថាប័នកងទ័ពថៃ ស្តីពីការផ្លាស់ប្តូរតំណែងមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ ប្រចាំឆ្នាំ២០១៤នេះ បន្ទាប់ពីមន្រ្តីយោធាជាន់ខ្ពស់សំខាន់ បីរូបគ្រោងនឹងចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ ក្នុងនោះរួមមាន ឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ព ជើងគោកថៃ ឧត្តមសេនីយ៍ឯក ស៊ូរ៉ាសក្តិ កញ្ចារ៉ាត់ លេខាធិការអចិន្ត្រៃយ៍ ក្រសួងការពារជាតិថៃ និង ឧត្តមសេនីយ៍ឯក ថាណាសក្តិ បដិមាប្រាកន អគ្គមេបញ្ជាករ កងទ័ពថៃ។ តែបុគ្គលទាំងបីរូបខាងលើ លែងស្នើសុំពន្យារ អាយុចូលនិវត្តន៍នោះឡើយ ដោយសារអ្នកទាំងអស់គ្នានេះ មាននៅក្នុងបញ្ជីឈ្មោះ កាន់តំណែងរដ្ឋាភិបាល ក្នុងនោះលោក ប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្រ្តី ៕

 

·      ព៌តមានអន្តរជាតិទី២៣: អូស្រា្តលី អាម៉េរិក ជួបពិភាក្សាគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ស៊ីដនី៖ រដ្ឋមន្រ្តីក្រសួងការបរទេស អូស្រ្តាលីលោកស្រី ចូលី ប៊ឺស៊ប បាន ជួបពិភាក្សាជាមួយ នឹងសមភាគីអាម៉េរិក គឺ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ចន ឃឺរី និងរដ្ឋមន្រ្តីការពារ ជាតិលោក ចាក់ ហាហ្គែល នៅថ្ងៃចន្ទនេះ ដោយធ្វើការពិគ្រោះ យោបល់គ្នាប្រចាំឆ្នាំរវាង អូស្ត្រាលី និងសហរដ្ឋអាម៉េរិក ដែលហៅកាត់ថា AUSMIN

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា កម្មវិធី ពិគ្រោះយោបល់ប្រចាំឆ្នាំរវាងអូស្រា្តលី-អាម៉េរិក នឹងមើលឃើញ ពីសញ្ញា ព្រមព្រៀង ផ្នែគយោធា ជាមួយនឹងការចាប់ផ្ដើម ក្របខ័ណ្ឌច្បាប់សម្រាប់វត្តមាន របស់ទាហានម៉ារីន អាម៉េរិក ដែលមានមូលដ្ឋាននៅ តំបន់ដាវីន របស់អូស្ត្រាលី។ ជាងនេះទៅទៀតវា នឹង អនុញ្ញាតឱ្យមានការ ពង្រីកយោធាអាមេរិក នៅអូស្រ្តាលី បន្តរយៈពេល ២៥ឆ្នាំមកហើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោកស្រី ប៊ឺស៊ប បានឲ្យដឹងថា កិច្ចពិគ្រោះយោបល់រវាង អូស្រ្តាលី និង អាម៉េរិក "គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ដំណើរការរីកចម្រើននៃកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើកិច្ចការបរទេស និងបញ្ហាយុទ្ធសាស្រ្តគោលនយោបាយ រវាងប្រទេស អូស្ត្រាលី និងអាម៉េរិក”។

វាជាឱកាសមួយ ដើម្បីបញ្ជាក់សម្ព័ន្ធភាពរបស់យើង និងបង្ហាញ ពីជម្រៅ និងទំហំនៃទំនាក់ទំនងរបស់យើងជាមួយគ្នា។ លោកស្រី ប៊ឺស៊ប បាននិយាយថា ថ្នាក់ដឹកនាំទាំងពីរ គួរពិភាក្សាគ្នាពីវិធីដើម្បីធ្វើឲ្យប្រសើរ ឡើងបន្ថែមទៀតសម្រាប់កិច្ចការងាររួមគ្នា រួមមានកិច្ចគាំទ្រស្ថេរភាពក្នុងតំបន់ និងសន្ដិសុខ និងបន្ដដំណើរការ អនុវត្តន៍ផ្ដួចផ្ដើមយោធាអាម៉េរិក៕

 

·      ព៌តមានអន្តរជាតិទី២៤: ចិន៖ អាស៊ានទីបំផុត អាចការពារសុវត្ថិភាព និងស្ថេរភាព នៃដែនសមុទ្រចិន ភាគខាងត្បូងបាន

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ណៃពិដោ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ នៃរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពី ថ្ងៃអាទិត្យម្សិលមិញ នេះថា ចិន និងអាស៊ាន ទីបំផុតអាចការពារសេចក្តីសុខសន្តិភាព និង ស្ថេរភាពរបស់ សមុទ្រចិនខាងត្បូងបានហើយ។

លោក វ៉ាង ដែលបានចូលរួមក្នុង វេទិកាថ្នាក់រដ្ឋមន្ត្រីការបរទេសតំបន់អាស៊ាន នៅរដ្ឋធានី ណៃពិដោ សហភាពមីយ៉ាន់ម៉ា បានធ្វើការកត់សម្គាល់ ឆ្លើយតបភ្លាមៗ ទៅកាន់ប្រទេស មួយចំនួន ដែលស្ថិតនៅប៉ែកខាងត្បួងសមុទ្រចិន នូវសភាពការណ៍ ទាំងឡាយដែលបាន សាយភាយឡើង។

លោលបាននិយាយថាឥឡូវនេះ គ្មានបញ្ហាទេចំពោះការធ្វើនាវាចរណ៍ ដោយសេរីមកកាន់សមុទ្រចិនខាងត្បូង ប៉ុន្តែលោកមិនបានលឺ ពីផលប៉ះពាល់នៃការធ្វើ ដំណើរទៅសមុទ្រដោយកប៉ាល់ឥតគិតថ្លៃនោះទេ។ លោក វ៉ាង បន្តទៀតថា ចិន និង អាស៊ានទីបំផុតអាចមាន សមត្ថភាព និង ឧត្តមគតិ ការពារ ឲ្យបានប្រសើរនូវ សុវត្ថិភាព និង ស្ថេរភាព នៃដែនសមុទ្រចិនខាងត្បូង។ ភាគីទាំងសងខាង និយាយទៅកាន់គ្នាទៅវិញទៅមក ថែមទាំងទះដៃទៀតផង ចំពោះការសម្រេចប្រកបដោយ ភាពវិជ្ជមានទាំងឡាយ។

លោក វ៉ាង អំពាវនាវថា ចិន និង អាស៊ាន គួរតែជជែកដោះស្រាយនូវរាល់បញ្ហាដោយសន្តិវិធី ប៉ុន្តែគាត់នូវតែមិនយល់ថា ហេតុអ្វីបានជាប្រទេសនៅក្រៅតំបន់ នៅតែព្យាយាម ពង្រីកឥត ឈប់ឈរលើ សភាពការណ៍នឹងខ្លាំងម្ល៉េះ។ លោកបានសួរដោយមិនបញ្ជាក់ ចំឈ្មោះប្រទេស ណាមួយថា « តើប្រទេសទាំងអស់ហ្នឹង ចង់ឲ្យមានការយល់ច្រឡំក្នុងតំបន់មែនទេ? ប្រទេសនៅក្រៅតំបន់នេះ អាចលើកឡើងពីការព្រួយបារម្ភប្រកដបដោយហេតុផលបាន ប៉ុន្តែយើងមិនយល់ស្របនោះទេ ប្រសិនបើពួកគេមកកាន់តំបន់នេះ ហើយចង្អុលនេះ ចង្អុលនោះ។

 

·      ព៌តមានអន្តរជាតិទី២៥: អ៊ីស្រាអែល វាយប្រហារផ្លូវអាកាសលើ សាស្រ្ទីព, ស្លាប់ និងរបួសជាង
២០នាក់

Monday, 11 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារ ផ្លូវអាកាសទៅលើតំបន់ ហ្គាសាស្រ្ទីព ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់ និង២០នាក់ផ្សេងទៀតរងរបួស។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាមអ្នកនាំ ពាក្យក្រសួងសុខាភិបាលក្នុងតំបន់ហ្គាសា បានបញ្ជាក់ថា ជនប៉ាឡេស្ទីនចំនួន ៣នាក់បានស្លាប់ នៅក្នុង ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះសំបែង ក្នុងតំបន់ហ្គាសាស្រ្ទីព ក្នុងនោះរួមបញ្ចូលទាំងក្មេង ចំនួន ២នាក់ផងដែរ។

ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ភូមិឆ្នេរសមុទ្រ នេះជាការឆ្លើយតបទៅនឹង ការបាញ់គ្រាប់ រ៉ុក្កែតពី ៤ ទៅ ៥ គ្រាប់ចេញពីតំបន់ហ្គាសានោះ ចូលទៅក្នុងអ៊ីស្រាអែល ហើយ បើយោងតាមវិទ្យុអ៊ីស្រាអែលបានបន្ថែម ទៀតថា គ្មានការបំផ្លាញ និងបង្កឲ្យរងរបួស ត្រូវបាន រាយការណ៍មកទេ។

ទោះជាយ៉ាងណាក្រុមប្រដាប់អាវុធនៃចលនា ហាម៉ាស់ និងកងពលតូច អាល់ ខ្វាសាម បានបដិសេធថា មិនបានបាញ់ គ្រាប់រ៉ុក្កែត ណាមួយចូលទៅក្នុងអ៊ីស្រាអែល នោះទេចាប់តាំងពីបទឈប់បាញ់៧២ម៉ោង ត្រូវបានព្រមព្រៀងគ្នា នៅក្នុងទីក្រុងគែរ ជាមួយអ៊ីស្រាអែល ដែលបានបញ្ចប់កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍មុននេះ។

ទន្ទឹមនឹងនេះដែរក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពជនជាតិប៉ាឡេស្ទីន ចំនួន ១០នាក់កាលពីថ្ងៃ អាទិត្យម្សិលមិញនេះ ដែលនៅមិនស្គាល់អត្តសញ្ញាណ។ចាប់តាំងពីបទ ឈប់បាញ់គ្នា ៧២ម៉ោង ត្រូវបាន បញ្ចប់នៅព្រឹកថ្ងៃសុក្រ មកជនប៉ាឡេស្ទីន ២៥នាក់ ត្រូវបាន សម្លាប់និង ៥០នាក់រងរបួស។

គួរបញ្ជាក់ថាចាប់តាំងពីការចាប់ផ្តើម វាយលុកយោធាទ្រង់ទ្រាយធំ របស់អ៊ីស្រាអែល ទៅលើ តំបន់ហ្គាហ្សាស្ទ្រី កាលពីថ្ងៃ ទី០៨ ខែកក្កដា មកចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ១.៩២៨ នាក់ និងជាង ១ម៉ឺននាក់ផ្សេងទៀត បានរងរបួស ដែលចំនួន ២ ភាគ ៣ ក្នុងចំណោម នោះជាជនស៊ីវិល រួមមានទាំងស្ត្រី និងកុមារប៉ាឡេស្ទីនផងដែរ។